កំពង់ធំៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​​ម​ន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាន សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយ​​​​កដ្ឋាន​គយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ មួយចំនួនបានបន្តនាំយកអំណោ​យជាច្រើនមុខដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ ដើម្បីប្រគល់ជូនដល់ វីរកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទ័ពឈ្លានពានថៃក្នុងសមរភូមិតាមបណ្ដោយព្រំដែន ខែត្រឧត្តរមានជ័យ និងខែត្រព្រះវិហារ។ អំណោយទាំងនេះបានប្រគល់ទទួលស្ថិតក្នុងទីតាំងមួយកន្លែងនៅ ខែត្រកំពង់ធំ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

អំណោយ សម្ដេចធិបតី និងលោកជំទាវ រួមមាន ផាវ័រប៊ែង (Power Bank) និងបន្ទះសូឡាសម្រាប់សាកថ្ម១២០ឈុត, ម៉ាសការពារផ្សែងពុល១៥០០ឈុត (មានតម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល២៥២ដុំ), អង្ករ៩តោន, ទឹកពិសា៦០០កេស, កញ្ចប់ (Kits) ចំនួន៣០០០កញ្ចប់ដែលក្នុងមួយកញ្ចប់មាននំទាហាន៥កញ្ចប់, ត្រីខកំប៉ុង២កំប៉ុង, មី៥កញ្ចប់, បាយក្ដាំង២កញ្ចប់, អំបុក២ដប, ពងទាប្រៃឆ្អិន៣គ្រាប់, គ្រាប់ចន្ទី២00ក្រាម, ទឹកដោះគោស្រស់២ប្រអប់តូច, ទឹកដោះគោខាប់២កំប៉ុង, បារី៥កញ្ចប់, កាហ្វេលាយស្រេច៥កញ្ចប់, ខ្ទឹមស.១កញ្ចប់, ស្ករគ្រាប់ Vitamin C និងសូកូឡា២កញ្ចប់, ថ្នាំបំបាត់ការឈឺចាប់២បន្ទះ, Berocca Vitamin C មួយដប និងថវិកាចំនួន៣០លានរៀល។

​ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់ វីរកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងប្តូរផ្តាច់ក្នុងបុព្វហេតុការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពនៃកម្ពុជាពីអំពើឈ្លានពានយ៉ាងកំរោល និងព្រៃផ្សៃរបស់កងទ័ពថៃ។

ឯកឧត្ដម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងគិតគូរជានិច្ចដល់ វីរកងទ័ពនៅជួរមុខ។

ក្នុងស្មារតីគាំទ្រ និងផ្សារភ្ជាប់រវាង សមរភូមិក្រោយ ជាមួយ សមរភូមិមុខ និងក្នុងមនោសញ្ចេតនា និងទឹកចិត្តសប្បុសរធម៌ និងមនុស្សធម៌,ស មាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តនាំយកអំណោយដើម្បីចែកជូន វីរកងទ័ពជួរមុខ ដែលកំពុងតែប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយពួក.ចោរ.សៀម.ឈ្លានពាន.ទឹកដីខ្មែរ.នៅសមរភូមិទិសផ្សេងទៀត ក៏ដូចជា​ពល​រដ្ឋភៀសសឹកនៅ​ភូមិសាស្ត្រខែត្រមួយចំនួនជាបន្ត​ទៀត។

គួរបញ្ជាក់ថា ​ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គគយ នាំយកអំណោយ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនជនភៀសសឹកចំនួន៣០០០គ្រួសារ ដែលបានភៀសខ្លួនមកកាន់ទីសុវត្ថិភាពក្នុងស្រុកមួយចំនួននៅ ខែត្រសៀមរាប កាលពីដើមសប្ដាហ៍កន្លងទៅថ្មីៗនេះ៕

You missed

error: Content is protected !!