ភ្នំពេញៈ រយៈពេល៤ថ្ងៃគឺចាប់ថ្ងៃទី១៧ ដល់ទី២០ ខែធ្នូ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី គុណ ញឹម បានដឹកនាំមន្ដ្រីគយ និងរដ្ឋាករ បុគ្គលិកជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានគយ ព្រមទាំងជើងសាគយ បន្តរៀបចំវេចខ្ចប់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ត្រៀមយកទៅផ្ដល់ជូន វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងប្រយុទ្ធយ៉ាងប្តូរផ្តាច់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃកម្ពុជា និងពលរដ្ឋភៀសសឹក ដោយសារអំពើឈ្លានពានយ៉ាងកម្រោលពីសំណាក់ យោធាថៃ។

អំណោយដែលរៀបចំក្នុងពេលនេះ មានចំនួន៥០០០កញ្ចប់សម្រាប់ផ្ដល់ជូនដល់ វីរកងទ័ព និង៣៣០៣កញ្ចប់សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋស្នាក់នៅកន្លែងជនភៀសសឹកចំនួន៤ស្ថិតនៅ ស្រុកមង្គលបុរី ខែត្របន្ទាយមានជ័យ និង ក្រុងពោធិ៍សាត់ និង ស្រុកក្រគរ ខែត្រពោធិ៍សាត់។
អំណោយសម្រាប់ផ្ដល់ជូន វីរកងទ័ព រួមមាន ឈុតដុំផ្ទុកអគ្គិសនី និងបន្ទះសូឡា (Power Station), ម៉ាសការពារផ្សែងពុល និងតម្រងសម្រាប់ប្តូរ,អង្ករ ទឹកសុទ្ធ និងកញ្ចប់ឃីតជា អាហារឆ្អិនស្រេច ថ្នាំសង្កូវ និងវីតាមីនជំនួយកម្លាំងរួមមាន នំកងទ័ព, អំបុក, ត្រីខកំប៉ុង, មី, បាយក្តាំង, ពងទាប្រៃ, គ្រាប់ចន្ទី, ទឹកដោះគោស្រស់, ទឹកដោះគោខាប់, ទឹកតែកំប៉ុង, កាហ្វេ 3 in 1, បារី, វីតាមីន Berroca , ថ្នាំបំបាត់ការឈឺចាប់ , ស្ករគ្រាប់វីតាមីន។

រីឯអំណោយសម្រាប់ប្រជាពលរដ្ឋភៀសសឹករួមមាន អង្ករ, ទឹកសុទ្ធ, មីកញ្ចប់ និងកញ្ចប់ ឃីតជាសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងចំណីអាហាររួមមាន ភួយ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខកំប៉ុង, ទឹកដោះគោខាប់, ទឹកដោះគោស្រស់, កាហ្វេ 3 in 1, ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ, សាប៊ូដុសខ្លួន, សំឡីអនាម័យ, ឆៃប៉ូវផ្អែម, ទឹកក្រូច និងសារុង។
គួរបញ្ជាក់ថា ស្របតាមតម្រូវការជាក់ស្តែង និងក្នុងស្មារតីរួបរួមសាមគ្គី “ ខ្មែរតែមួយ ” សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្ដេជ្ញានឹងបន្តរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដើម្បីផ្តល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅតាមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត៕


