(កំពង់ធំ)៖ អនុវត្តតាមការចង្អុលដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិ វិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ, កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីសញ្ចារកម្ម (ជាអំពើទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុ ពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ) ១កន្លែងនៅក្នុងហាងខារ៉ាអូខេស្លាកយីហោ «ម្លប់លាប» ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
ឧត្តមសេនីយ៍ទោ ហេង សុផល បានអ្នកសារព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ប្រតិបត្តិការនេះបានដឹកនាំដោយលោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ហាងខារ៉ាអូខេមួយកន្លែង ជ្រកក្រោមយីហោ «ម្លប់លាប» ស្ថិតក្នុងភូមិ ដូង ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៣៥នាទី។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វី សុខឃី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះ ជនរងគ្រោះបានចំនួន៨នាក់ (អនីតិជនចំនួន០៥នាក់)។
ករណីខាងលើនេះសមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕









