ភ្នំពេញៈ លោក​ លី​ វិសាល​ ដោយអាងខ្លួនជា អនុប្រធានការិយាល័យនគរបាលចរាចរជើងគោក ទទួលបន្ទុក ផ្នែករដ្ឋបាល
សរុប បានលាក់កម្លាំងនគរបាលមួយចំនួនដែលមិនមកធ្វើការ​ជាថ្នូរនឹងការកាត់ប្រាក់ខែក្នុងម្នាក់ៗស្ទើរពាក់កណ្ដាលទុកក្នុង
ហោប៉ៅខ្លួ​ន​ខណៈអ្នកខ្លះមានប្រាក់ខែត្រឹមតែ១លាន៨០ម៉ឺនរៀល។ នេះបើយោងតាមការបង្ហើបប្រាប់​ បាយ៉ង់ថាមស៍​ ឲ្យដឹង
ពីមន្ត្រីនានា ​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

មន្ត្រីដែលធ្លាប់រងគ្រោះដោយសារលោក លី វិសាល បានលើកឡើងទៀតថា ប៉ូលិសចរាចរសរុបមានប្រហែល៨៨នាក់ ប៉ុន្តែ
ពួកគេមកធ្វើការជាក់ស្ដែងប្រហែល២៥នាក់ទៅ៣០នាក់ប៉ុណ្ណោះ។ រីឯកម្លាំងប៉ូលិសជាប់កិច្ចសន្យាវិញមានប្រមាណជិត
១០០នាក់តែពួកគេមិនដឹងទៅធ្វើការនៅទីណាខ្លះនោះទេ។ មន្ត្រីនគរបាលដែលឈរជើងនៅតាមដងផ្លូវមួយចំនួនធ្វើការខុស
ឆ្គងបន្តិចបន្តួចត្រូវលោក លី វិសាល យកទៅដាក់វិន័យតាមតែទំនើងចិត្ត ហើយអ្នកខ្លះអាចចេញមកវិញបានលុះត្រាណាឱ្យ
លុយគេ…។

អ្នកដែលធ្លាប់រងគ្រោះខាងលើបានឱ្យដឹងទៀតថា ប៉ូលិសខ្លះមានកំហុសឆ្គងបន្តិចបន្តួចត្រូវលោក លី វិសាល ថតរូបគេដាក់
ផុសដោយមិនយល់ពីសិទ្ធិបុគ្គលឡើយ។ កម្លាំងប៉ូលិស ធ្វើការឈរជើងនៅតាមដងផ្លូវសព្វថ្ងៃខ្វះខាតកម្លាំងជាច្រើនដូចជា
ការពារក្បួនគណៈប្រតិភូ ឬថ្នាក់ដឹកនាំធំៗ ក៏ប៉ុន្តែពួកគេទៅគរជើងគ្នាជិត៣០នាក់នៅកន្លែង រដ្ឋបាល មានអ្នកខ្លះមិនមកធ្វើ
ការទេគឺមកតែបើកប្រាក់ខែរួចហើយទៅវិញបាត់…។

យោងតាមតារាងបញ្ជីឈ្មោះ មន្ត្រីនគរបាលចរាចរ ចំនួន៤សន្លឹកដែល បាយ៉ង់ថាមស៍ ទទួលបាន គឺមានដូចជា ការចុះវត្ត
មានដ៏តិចតួច អ្នកខ្លះជាប់រវល់ធ្វើគ្រូបង្វឹកកីឡាបាល់ទះ អ្នកខ្លះជាកីឡាករបាល់ទះ អ្នកខ្លះជាអង្គរក្សថ្នាក់ដឹកនាំ អ្នកខ្លះជាប់
វិន័យ ហើយប៉ូលិសភាគច្រើន ជាប់ទៅរៀនវគ្គបំប៉នជំនាញ នៅភូមិភាគ២។ល។

ប្រធានការិយាល័យនគរបាលចរាចរ រាជធានីភ្នំពេញ លោក ខាន់ សារឿន និងលោក លី វិសាល អនុប្រធានការិយាល័យ
នគរបាលចរាចរ ភ្នំពេញ ទទួលបន្ទុក ផ្នែករដ្ឋបាលសរុប កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ពួកគាត់ទាំងពីរនាក់
មិនបានឆ្លើយសំណួររបស់ អង្គភាពយើងទេតាមរយៈបណ្ដាញសង្គម « តេឡេក្រាម » ដោយគ្រាន់តែចូលមើលហើយគ្មាន
ចម្លើយតបអ្វីទាំងអស់។ ចម្លើយតបរបស់ពួកគាត់គឺមានសារសំខាន់ក្នុងការដោះបន្ទុកនៃការចោទប្រកាន់ខាងលើនោះ។

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលបន្ទុក
ផ្នែកការិយាល័យនគរបាលចរាចរ រាជធានីភ្នំពេញ គឺមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ។ លោក
ស្នងការរង ក៏ធ្លាប់ធ្វើជា ប្រធានការិយាល័យនគរបាលចរាចរ នេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុង ការិយាល័យប៉ូលិសចរាចរ ភ្នំពេញ មានរឿងអាស្រូវជាច្រើនតាំងពី ប្រធានចាស់លោក ដេ ម៉ៅ មក
ម្ល៉េះ ហើយក្រោយមកក៏មានការដកលោក ដេ ម៉ៅ ចេញដោយសារ រឿងអនុវត្តច្បាប់ចរាចរ ផ្ទុយនឹងច្បាប់។ ចំណែកលោក
ខាន់ សារឿន ប្រធានថ្មីដែលទើបនឹងឡើងកាន់តំណែងជំនួសលោក ដេ ម៉ៅ ក៏មានរឿងអាស្រូវច្រើនមិនចាញ់ប្រធានចាស់
នោះដែរ៕

You missed