ខែត្រកំពត: លោកមេឃុំ ជំទប់ទី១ឃុំ ព្រមទាំងក្រុមប្រឹក្សា ឃុំខ្ជាយខាងត្បូង បានជំរុញឲ្យក្រុមហ៊ុន ចុះមកអនុវត្តគម្រោង
របស់ខ្លួនឲ្យបានឆាប់។ រដ្ឋបាលឃុំនេះដឹកនាំដោយលោក ទិត្យ សារ៉ន និងក្រុមការងារបានស្នើសុំឲ្យ ក្រុមហ៊ុនហ៊រូប៊ី ឆាប់
ចូលខ្លួនមកអនុវត្តគម្រោងឱ្យបានពីព្រោះលើសកិច្ចសន្យាជាច្រើនខែមកហើយ។
យោងកិច្ចសន្យារបស់ រដ្ឋបាលឃុំ និងក្រុមហ៊ុនខាងលើបានកំណត់ថ្ងៃចុះអនុវត្តគម្រោងជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០២៥ ហើយត្រូវបានបញ្ចប់វិញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខក៏ ប៉ុន្តែរហូតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
ទៅ ហើយក្រុមហ៊ុននៅតែមិនទាន់ចូលខ្លួនមកអនុវត្តគម្រោងនៅឡើយ។ បើគិតពីថ្ងៃចាប់ផ្ដើម នៃការអនុវត្តគម្រោងរហូត
មកដល់ថ្ងៃនេះគឺក្រុមហ៊ុនហួសរយៈពេលជិតពីរខែទៅហើយ។

ក្រោយពីមានការទទូចស្នើសុំពីប្រជាពលរដ្ឋ ក៏ដូចជា អាជីវកររកស៊ីដឹកទំនិញ នៅក្នុងមូលដ្ឋានឃុំបានត្អូញត្អែរអំពីផ្លូវមាន
ការលំបាកយ៉ាងខ្លាំងដោយសារតែវាជារដូវវស្សា។ ទោះជាយ៉ាងណាក្តី លោកមេឃុំ មិនព្រងើយកន្តើយ ចំពោះមតិរបស់
ប្រជាពលរដ្ឋនោះទេ គឺលោកព្យាយាមសម្របសម្រួលទាក់ទិនជាមួយនឹងបញ្ហាការលំបាករបស់ពលរដ្ឋផងដែរ។
លោក ទិត្យ សារ៉ន មេឃុំខ្ជាយខាងត្បូង បានប្រាប់អង្គភាពយើងដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះថា លោកព្យាយាម
ទាក់ទងទៅ ក្រុមហ៊ុនច្រើនដងដែរ តែក្រុមហ៊ុនប្រាប់មកលោកវិញថា រវល់ធ្វើផ្លូវគម្រោងនៅ ស្រុកបន្ទាយមាស សិន…។

ប្រជាពលរដ្ឋដែលរស់នៅ ភូមិឈ្លីតក្រោម ជាច្រើននាក់បានត្អូញត្អែរស្រដៀងៗគ្នាថា នៅរដូវវស្សា ពួកគាត់ជួបការលំបាក
ខ្លាំងក្នុងការធ្វើដំណើរសម្រាប់ក្មេងៗជិះកង់ និងម៉ូតូទៅសិក្សារៀនសូត្រ ក៏មានការយ៉ាប់យ៉ឺន និងយឺតយ៉ាវម៉ោងទម្រាំតែ
ទៅដល់សាលារៀន។ រីឯអ្នករកស៊ីដឹកទំនិញ វិញក៏មានការពិបាកក្នុងការដឹកជញ្ជូនអ៊ីវ៉ាន់ឆ្លងកាត់ផ្លូវនេះជាខ្លាំង។
ចំណែកឯភាគីខាងក្រុមហ៊ុនវិញលោកស្រី អាន លីណា មិនបានឆ្លើយតបជាមួយ អង្គភាពសារព័ត៌មាន យើងបានទេនៅ
រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ៊រូប៊ី មានលាភនេះ គឺជាក្រុមហ៊ុនរបស់ប្រពន្ធលោកអធិការ ស្រុកទូកមាស ដោយលេខទូរស័ព្ទ
បានបង្ហាញនៅក្នុង ប្រព័ន្ធតេឡេក្រាម ថា Ann Lina ដែលគេដឹងថា លោកស្រីជាប្រពន្ធរបស់ លោកអធិការ ស្រុកទូកមាស
ខែត្រកំពត។ ករណីនេះ គណៈកម្មការតាមដាន នៃក្រសួងមហាផ្ទៃ គួរតែពិនិត្យមើលគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់នេះផង៕



