ភ្នំពេញៈ យោងតាម ហ្វេសប៊ុកផ្លូវការ និងបណ្ដាញសង្គម តេឡេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង
ជាអតីតនាយករដ្ឋមន្ត្រី បានបបួលពួកបច្ចាមិត្តថៃដែលបានចិញ្ចឹមចិត្តឈ្លានទឹកដីខ្មែរម្ដងហើយម្ដងទៀតឱ្យយកផែនទីផ្លូវការ
ដែលអន្តរជាតិទទួលស្គាល់ ( មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី ) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយ
កុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។

សម្ដេចតេជោ សែន បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា កម្ពុជា មិនដកទ័ពថយចេញពីកន្លែងមុំបីដែលជាទឹកដីរបស់ខ្មែរ
ដែលកំពុងតែឈរជើងតាំងពីយូរលង់ណាស់មកហើយនោះទេ។ ប្រជាពលរដ្ឋខ្មែរ គាំទ្រជានិច្ចនិងនៅជាមួយ សម្ដេចតេជោ
និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៃបូរណភាពទឹកដីខ្មែរ។

ផេកផ្លូវការទាំងពីររបស់ សម្ដេចតេជោ សែន បានចេញផ្សាយ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ថា នៅក្នុង ហ្វេសប៊ុក
( Facebook ) របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃ ចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាង រដ្ឋាភិបាល
និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាង កងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិ
ថៃមួយចំនួនចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។

ដើម្បី​ចៀសវាងការវង្វេងប្រវត្តិសាស្ត្រ នៃពួកជ្រុលនិយមថៃនោះ សម្ដេចតេជោ សូមបញ្ជាក់នូវសារដ៏មានសារសំខាន់៣ចំណុច
ដូចខាងក្រោមៈ

ទី១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជា ឈរជើងតាំងពីមុន កិច្ចព្រមព្រៀងប៉ារីស ទៅទៀត មានន័យថា មុន
MoU ឆ្នាំ២០០០ ប្រហែល១៣ ឬ១៤ឆ្នាំ។ អ៊ុនតាក់ ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជានិងថៃ អាចព្រមព្រៀង
គ្នាយកបញ្ហានេះអមដោយ ផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ ( មិនមែនជាផែនទីចោរ ដែលគូសខ្លួនឯងដើម្បីលួចដី ) ទៅ
កាន់ តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តី
សុខ និងសាមគ្គីភាព នៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។

ទី២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំ និងភរិយាព្រមទាំងសហការី បានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុនគឺជាភស្តុតាងកាន់តែ
ច្បាស់បញ្ជាក់ថា ជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុង ទឹកដីថៃឬទឹកដីឡាវ នៅតំបន់នោះបានទេ ពិតមែនតែ
ពេលនោះ ខ្ញុំទទួលកងទ័ពឡាវ នៅក្នុងរោងបុណ្យនេះ ( រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន )។

ទី៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួន តាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែល
អតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខ ប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីខ្ញុំពី ២០១១ ថា សូម
ភាគី២ដកកងទ័ពចេញពី តំបន់ប្រាសាទព្រះវិហារ ទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញ
ទឹកដីខ្លួន​ឯងបានទេ ផ្ទុយទៅវិញ ឯកឧត្តម ត្រូវដកកងទ័ពឈ្លានពានរបស់ ឯកឧត្តម ចេញដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា ការកើតឡើងនៅ មុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែល នៃល្បិចកលចង់យកដីពីកម្ពុជា ដោយ មេបញ្ជាការថ្នាក់
ក្រោម ដោយមានការគាំទ្រពី ក្រុមនិយមជ្រុលរបស់ថៃ ផងដែរ៕

You missed