ដោយៈ បាយ៉ង់
ព្រះសីហនុៈ ទោះបីជាអាជ្ញាធរ ក្រុងព្រះសីហុន ចុះហាមឃាត់ធ្វើកំណត់ហេតុឱ្យផ្អាកដំណើរការសាងសង់ផែថ្មរឹងមាំដែលលយចូលក្នុងផ្ទៃសមុទ្រយ៉ាងណាក៏ដោយ ក៏ម្ចាស់ផែទាំងនោះនៅតែបន្តធ្វើលួចលាក់ដដែល ជាក់ស្តែងកាលពីថ្ងៃទី១៩ ដល់ទី២០ ខែតុលា ឆ្នាំ២០២៦ សកម្មភាពដ៏គឃ្លើននេះពួកគេមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ឬផ្អាកអ្វីឡើយ។

ករណីខាងលើនេះ បានដំណើរការដោយគ្មានច្បាប់អនុញ្ញាតសាងសង់នោះទេដែលមានទីតាំងស្ថិតនៅ តំបន់ទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។ នេះបើយោងតាមតំណត់ហេតុហាមឃាត់បន្តការសាងសង់របស់ គណៈកម្មការចម្រុះ នៃអាជ្ញាធរ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ ខែកញ្ញា ២០២៦។

ទាក់ទិននឹងការសាងសង់ផែថ្មរឹងមាំគ្មានច្បាប់អនុញ្ញាតខាងលើ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍តាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ថា លោកនឹងឱ្យក្រុមការងាររបស់សាលាក្រុងចុះទៅពិនិត្យមើលទីតាំងសាងសង់ផែថ្មនោះ មានច្បាប់អនុញ្ញាតដែរឬអត់ ?

បញ្ជាក់ពីប្រសិទ្ធភាពនៃការងារលោក ជួប សីហា នាយករងរដ្ឋបាល ក្រុងព្រះសីហនុ បានប្រាប់ បាយ៉ង់ថាមស៍ តាមប្រព័ន្ធតេឡេក្រាម ថា ករណីនេះជាគោលការរបស់ លោកអភិបាលក្រុង អ្វីដែលមានស្រាប់ត្រូវរក្សាស្ថានភាពដើម ហើយអ្វីដែលធ្វើថ្មីយើងមិនមានការអនុញ្ញាតជាដាច់ខាត។បន្ទាប់ពីទទួលព័ត៌មាននេះ យើងនឹងចុះអនុវត្តក្នុងករណីគាត់មានសកម្មភាពបន្តទៀត។

អ្នកជិតខាងនឹងផែថ្មខាងលើសុំមិនបញ្ចេញអត្តសញ្ញាណបានឱ្យ បាយ៉ង់ថាមស៍ ដឹងថា បន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរ ក្រុងព្រះសីហនុ ចុះផ្អាកដំណើរការសាងសង់សំណង់រឹងមាំនោះឃើញថា ផ្អាកដំណើរសាងសង់ក៏ពិតមែន ក៏ប៉ុន្តែកាលពីពាក់កណ្ដាល ខែតុលា ឆ្នាំ២០២៦ ឃើញចាប់ធ្វើសកម្មភាពសាងសង់បន្តទៀត។ លោកបន្តថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សកម្មភាពសាងសង់ត្រូវបានផ្អាកសិន ព្រោះមេជាងផែនោះថា រត់ការសុំច្បាប់សាងសង់សិន…។

ម្ចាស់ផែថ្មរឹងមាំដែលសង់លយចូលទៅក្នុងសមុទ្ទខាងលើគឺលោក ហោ ថូង អង្គភាពយើងពុំអាចសុំការបញ្ជាក់បានទេ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះតាមរយៈប្រព័ន្ធទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការចម្រុះ ក្រុងព្រះសីហនុ ដឹកនាំដោយលោក ជួប សីហា នាយករងរដ្ឋបាល ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះហាមឃាត់មិនអនុញ្ញាតឱ្យមានការសាងសង់សំណង់ផែថ្មរឹងមាំចូលក្នុងផ្ទៃសមុទ្រមួយកន្លែងទៀតស្ថិតនៅ ភូមិ៣( រំដួលជើងភ្នំ ) សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

You missed

error: Content is protected !!