ហូជីមិញៈ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអនុវត្តគម្រោងសាងសង់ « សាលាមិត្តភាពកម្ពុជា-វៀតណាម » ជំនួយរបស់ រដ្ឋា ភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខានៅ ទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធា ទីក្រុងហូជីមិញ តំណាងឱ្យ រដ្ឋាភិបាលវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា។

ការចុះហត្ថលេខានេះ បានសម្រេចផ្តល់អំណោយនូវ គម្រោងសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ក្នុងបរិវេណ « សាលាមិត្តភាពកម្ពុជា-វៀតណាម » រួមមាន ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន១ និងបន្ទប់កុំព្យូទ័រចំនួន១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ សម្រាប់សាលាអនុវិទ្យាល័យ ជួសជុលបន្ទប់រៀន ដែលមានស្រាប់ចំនួន១៥បន្ទប់ នៅក្នុងអគារ សម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន១ និងអគាររដ្ឋបាលរួមចំនួន១ ( សម្រាប់សាលាទាំងពីរថ្នាក់ ) ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៥,៥០០នាក់។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ភាគីវៀតណាម បញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន៨លានដុល្លារអាម៉េរិក និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំដែល បញ្ជាការដ្ឋានយោធា ទីក្រុងហូជីមិញ ជាអ្នកទទួលបន្ទុកសាងសង់។ ជាមួយគ្នានេះដែរដើម្បីឱ្ យគម្រោង អាចដំណើរការទៅដោយរលូន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ក៏បានស្នើសុំការសម្របសម្រួលពី រដ្ឋបាល រាជធានីភ្នំពេញ លើការងារចាំបាច់មួយចំនួន។

ចំណែក ឯកឧត្តម ឃួង ស្រេង ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសិទ្ធិប្រទានបានជម្រាបជូន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថា រដ្ឋ បាល រាជធានីភ្នំពេញ បានបំពេញការងារចាំបាច់មួយចំនួនរួមមាន ការរុះរើអគារចាស់ ការរៀបចំការដ្ឋាន ការតប្រព័ន្ធ ទឹក ភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការ នៃការអនុវត្តគម្រោងសាងសង់នេះ បើទោះបីជាអនុ ស្សរណៈ នៃការយោគយល់គ្នា លើការអនុវត្តគម្រោងនេះនៅមិនទាន់បានចុះហត្ថលេខាក៏ដោយ ហើយរដ្ឋបាល រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ជំរុញឱ្យដំណើរការ នៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ស្ថានឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅកម្ពុជា និងបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលបានជួយសម្របសម្រួល និងផ្តល់នូវជំនួយសាងសង់សាលារៀនប្រកបដោយស្តង់ដារខ្ពស់ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។

អភិបាល រាជធានីភ្នំពេញ បន្តថា « សាលាមិត្តភាពកម្ពុជា-វៀតណាម » មិនត្រឹមតែបានរួមចំណែកបម្រើដល់ វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ។ ក៏ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងវៀតណាម ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អស្របតាមទិសស្លោក « ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង »៕

You missed

error: Content is protected !!