ភ្នំពេញៈ តុលាការ រដ្ឋវិកតូរីយ៉ា ( Victoria ) ប្រទេសអូស្រ្តាលី បានប្ដឹងលោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាអ្នកនាំពាក្យគយ ចោទប្រកាន់ពីបទ « រំលោភបំពានផ្លូវភេទលើក្មេងប្រុស » នៅតំបន់ឆ្នេរសមុទ្រសាធារណៈ ក៏ប៉ុន្តែលោកតបថា កំពុងរង់ចាំតស៊ូផ្លូវច្បាប់រឿងក្តីនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្លួន។
ដើមចមនៃរឿងលោក សែ សុឃន និងកូនប្រុសរបស់គាត់បានគ្នាទៅ ស្ទូចត្រី នាតំបន់ឆ្នេរសមុទ្រសាធារណៈ អូស្ត្រាលី ខណៈនោះត្រីស៊ីសន្ទូចលោកក៏វាត់សន្ទូចឡើងមកប៉ះចំក្មេងប្រុសម្នាក់នៅក្បែរ។ ក្មេងប្រុសនោះ ក៏បានស្រែកឆោរឡោរ ហើយលោក សែ សុឃន ក៏ទៅសួរនាំដោយមានការជជែកគ្នាខណៈនោះលោ សែ សុឃន ក៏បានយកដៃទៅប៉ះស្មាក្មេងប្រុស អូស្ត្រាលី។ ដើម្បីបញ្ចប់រឿងលោក សុឃន ក៏បាននិយាយគ្នាជាម្ដាយក្មេងប្រុសសម្រុះសម្រួលគ្នាចប់រហូតឈានដល់ការដកពាក្យបណ្ដឹង ក៏ប៉ុន្តែរឿងដែលមានអាយុកាលជាង៣ឆ្នាំនេះ អគ្គរដ្ឋអាជ្ញាអូស្ត្រាលី ក៏បានប្ដឹងទាស់។
លោក សែ សុឃន បានចេញបដិសេធ លើហ្វេសប៊ុករបស់គាត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ថា « ខ្ញុំបាទសូមជម្រាបជូនសា ធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះមាន សារព័ត៌មាន មួយចំនួនបានចេញផ្សាយថា រូបខ្ញុំត្រូវបាន តុលាការ រដ្ឋវិកតូរីយ៉ា (Victoria) នៃប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទ រំលោភបំពានផ្លូវភេទលើកុមារា កើតចេញពីហេតុការណ៍ កាលពីប៉ុន្មានឆ្នាំមុននៅ កំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។

លោកបន្តទៀតថា « ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ។ បច្ចុប្បន្នខ្ញុំកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន »។
ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានសរសេរសារជំនួយស្មារតីដល់ពលរដ្ឋខ្មែរ នៃអាខោនហ្វេសប៊ុក របស់ខ្លួនថា សូមបងប្អូនខ្មែរមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅក្រៅប្រទេស ( ជាពិសេស អូស្ត្រាលី និងបណ្តាប្រទេសលោកខាងលិច )។ បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរយើងជាច្រើនបានធ្វើដំណើរទៅកម្សាន្ត ឬ រស់នៅក្រៅប្រទេស។ ដើម្បីចៀសវាងបញ្ហាផ្លូវច្បាប់ និងការយល់ច្រឡំផ្សេងៗ សូមបងប្អូនមេត្តាយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះ « ច្បាប់ការពារកុមារ (Child Protection Laws) » នៃប្រទេសទាំងនោះ។

អ្នកច្បាប់ម្នាក់បានប្រាប់ បាយ៉ង់ថាមស៍ ថា ការចោទរបស់តុលាការខាងលើវាមិនត្រឹមត្រូវនោះទេ។ វាជាធម្មតារាល់បទល្មើសកើតឡើង សំណងរដ្ឋបវេណី ឬការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ មិនអាចរំលត់បណ្ដឹងអាជ្ញា បានទេ។ ដូច្នេះជនជាប់ចោទត្រូវគោរពតាមសាលក្រមរបស់តុលាការដែលបានសម្រេចក្ដី។
គួរបញ្ជាក់ថា តាមសារព័ត៌មានបរទេស បច្ចុប្បន្នលោក សែ សុឃន កំពុងស្នាក់នៅ ប្រទេសអូស្ត្រាលី ដើម្បីតតាំងរឿងក្តីនេះ ដែលសវនាការរបស់លោកត្រូវបានកំណត់ឡើងនៅក្នុង ខែវិច្ឆិកា ខាងមុខ។ នៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក៏មានការកោះប្រជុំបន្ទាន់មួយដើម្បីជួយដោះស្រាយការងារលោក សែ សុឃន ដើម្បីកុំឱ្យមានការរាំងស្ទះ៕

