ដោយៈ បាយ៉ង់
ព្រះសីហនុៈ កូនចៅក្រុមគ្រួសារលោក ខៀវ ម៉ុន អតីតយោធិន នៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នរស់នៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ លើកឡើងថា មានក្រុមមន្រ្តីខិលខូចគប់គិតគ្នាលួចលក់ដីពួកគាត់រួចធ្វើប្លង់យកដោយស្ងៀមស្ងាត់ខណៈដីពួកគាត់បាននឹងកំពុងរស់អាស្រ័យផលតាំងពី ឆ្នាំ១៩៧៩ រហូតមក។
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ពួកគាត់លើកម្រាមដៃដប់សំពះដង្ហោយសុំប្រមុខដឹកនាំជួយអន្ដរាគមន៍រឿងមន្រ្តីខិលខូច និងឈ្មួញគប់គិតគ្នាជាប្រព័ន្ធធ្វើប្លង់យកដីពួកគាត់ ព្រមទាំងសំណូមដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេស សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណេត សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ជាជនរងគ្រោះផង។

ដីមួយកន្លែងដែលមានទំហំ២,១៣១ ( ពីរពាន់មួយរយសាមសិបមួយ ) ម៉ែត្រការ៉េជាកេរ្តិ៍អាករពីឪពុកម្ដាយចែកឱ្យកូនៗក្នុងម្នាក់មួយប្លង់គ្រាន់សង់លំនៅដ្ឋានរស់នៅ។ ដីនោះកាលពីមុនស្ថិតក្នុង ភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់។ នៅក្នុង ឆ្នាំ២០០៧ រដ្ឋបើកយុទ្ធនាការធ្វើប្លង់ដីជាប្រព័ន្ធជូនពលរដ្ឋក៏ត្រូវបានគេកាត់ទីតាំងដីនោះចូលមក ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់។ ក្នុងខណៈពេលនោះកូនចៅក្រុមគ្រួសារលោក ខៀវ ម៉ុន អវត្តមានមិនបានរស់នៅទីតាំងដីនេះទេ ដោយបាននាំគ្នាចំណាកស្រុកមួយរយៈពេលដើម្បីស្វែងរកថវិការៀងៗខ្លួនដោយកក្ដាជីវភាពក្រីក្រពេក។ ក្រោយមកពួកគាត់ក៏បាននាំគ្នាវិលត្រឡប់មកភូមិឋានវិញហើយក៏ទៅសុំធ្វើលិខិតបញ្ជាក់កាន់កាប់ដី អាជ្ញាធរភូមិឃុំមិនបញ្ជាក់ឱ្យតេ ព្រោះដីដែលពួកគាត់កាន់កាប់អាស្រ័យផលតាំងពី ទសវត្សរ៍១៩៨០ មកនោះមានគេធ្វើប្លង់យករួចបាត់ទៅហើយ។

ទាក់ទិននឹងរឿងអយុត្តិធម៌ខាងលើ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខែត្រព្រះសីហនុ មានប្រសាសន៍ប្រាប់ បាយ៉ង់ថាមស៍ តាមប្រព័ន្ធតេឡេក្រាមដោយផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋថា « ខ្ញុំនឹងឱ្យ អភិបាលស្រុក ឆែកមើលរឿងហ្នឹងឱ្យច្បាស់លាស់ »។
ចំណែក មេឃុំទួលទទឹង គឺលោក ឯម សុគា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រាប់ បាយ៉ង់ថាមស៍ តាមទូរស័ព្ទថា លោកទទួលស្គាល់គ្រួសារលោក ខៀវ ម៉ុន ពិតជាពលរដ្ឋបានរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនមែន។ ក៏ប៉ុន្តែរឿងទំនាស់ដីធ្លីនៃគ្រួសារគាត់ជាមួយគេនោះគឺលោកពុំដឹងទេ ព្រោះវាជារឿងរ៉ាវលក់ទិញដូរទីតាំងនោះ ហើយវាបានកើតឡើងក្នុងអាណ្ណត្តិមេឃុំមុន។ លោកមេឃុំបញ្ជាក់ថា រឿងដែលលោកមិនអាចចេញលិខិតបញ្ជាក់ការកាន់កាប់ដីជូនក្រុមគ្រួសារពួកគាត់បានពីព្រោះដីនោះមានទំនាស់យូរឆ្នាំមកហើយ ព្រមទាំងមានប័ណ្ណកម្មសិទ្ធិរួចទៅហើយទៀត។

ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមគ្រួសារលោក ខៀវ ម៉ុន ខាងលើ មេភូមិទួលទទឹង២ និងលោក ជិន សារុន បានបដិសេធថា លោកពុំបានជាប់ពាក់ព័ន្ធរឿងធ្វើស៊ីដីលោក ខៀវ ម៉ុន នោះទេ។ លោកបានអះអាងទៀតថា ដីលោក ខៀវ ម៉ុន និងលោកស្រី ឃឹម គា ត្រូវបានខ្មោច មេភូមិទួលទទឹង៣ ឈ្មោះ ម៉ាត់ ស្រេន ជាអ្នកលួចលក់តាំងតែពីមុនលោកឡើងជា មេភូមិទួលទទឹង២ សព្វថ្ងៃ។
ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងនោះជាពិសេសលោក រស់ សំបូរ មេភូមិទួលទទឹង៣ បានចេញមុខបញ្ជាក់ជាវីដេអូថា លោក ខៀវ ម៉ុន និងក្រុមគ្រួសារពិតជាបានរស់នៅអាស្រ័យផលលើទីតាំងដីទំនាស់តាំងតែពី ឆ្នាំ១៩៧៩ មកមែន។

ចំណែកលោក ខៀវ ម៉ុន និងក្រុមគ្រួសារព្រមទាំងកូនចៅរងគ្រោះដីធ្លីគឺគ្មានពាក្យពេចន៍អ្វីក្រៅពីលើកម្រាមដៃដប់សុំអង្វរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រមុខរាជរដ្ឋាភិបាល សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនពួកគាត់ផង។
ដោយឡែកលោក សេង ប៊ុណ្ណា ដែលមន្រ្តីសាលា ស្រុកព្រៃនប់ អះអាងថា ជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិលើដីទំនាស់នោះពុំអាចសុំការអធិប្បាយបានទេជុំវិញទំនាស់ដីធ្លីនេះ។ ព្រោះបន្ទាប់ពីប្រជុំនៅសាលា ស្រុកព្រៃនប់ចប់ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបានរត់គេចតាមច្រកចេញផ្សេងឡើងឡានបាត់សង្ងំស្ងាត់ឈឹង។ មុនពេលចេញផ្សាយនារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាល ស្រុកព្រៃនប់ ក៏ពុំអាចសុំការបញ្ជាក់បានដែរ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការចម្រុះ ជាមួយកងកម្លាំងប្រដាប់អាវុធជ្រោងច្រាងបានចុះទៅដល់ទីតាំងដីមានទំនាស់ ថតចុចជីភីអេស លើដីកំពុងតែមានទំនាស់នោះ។ នេះបើយោងតាម វីដេអូ ដែលអង្គភាពយើងទទួលបាន៕

