ព្រះសីហនុៈ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ស្ថិតនៅ តំបន់កោះឫស្សី នៃភូមិសាស្ត្រដែនសមុទ្រ ខែត្រព្រះសី ហនុ នាវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
នគរបាលការពារព្រំដែនទឹក សហការជាមួយ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ បានកំណត់មុខសញ្ញា និងគោលដៅរហូតឈានដល់ការឃាត់ អូប័រ១គ្រឿង និងជនជាតិចិន២នាក់។
ប្រតិបត្តិការនេះ ក៏បានបន្តឈានទៅដល់ការឃាត់រថយន្តចំនួន២គ្រឿង និងជនជាតិចិន៥នាក់បន្ថែមទៀត។ សមត្ថកិច្ចបានដកហូតម្សៅសថ្លាដែលសង្ស័យថា ជាសារធាតុញៀនចំនួន៤២បាវ មានទម្ងន់សរុបប្រមាណ៨៤០គីឡូក្រាម។
សមត្ថកិច្ចបានដកហូត ម៉ូតូ៣គ្រឿង, អាវុធវែង១០ដើម, អាវុធខ្លី៣៩ដើម, បង់១០៨បង់, គ្រាប់ចំនួន៧,៩៣៧គ្រាប់ និងស៊ីឡាំងសឺ៨។ ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានប្រគល់ទៅ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

