កោះកុងៈ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធាន ( ACU ) ឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខែត្រកោះកុង រួមជាមួយបក្ខពួកចំនួន៣នាក់ទៀតក្នុងនោះមាន ជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកសូកប៉ាន់ដឹកនាំ និងរៀបចំទីតាំងឱ្យ ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Onlin Scams ) នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ACU ក៏បានបញ្ជូនក្រុមជនសង្ស័យទាំងនោះទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយ ចោទប្រកាន់ជនសង្ស័យខាងលើជាផ្លូវការដូចខាងក្រោមៈ
ទី១.ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ( ឃាត់ខ្លួន ) ពីបទស៊ីសំណូក សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់តាម មាត្រា៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មាត្រា២៩ និងមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ មាត្រា៦ និងមាត្រា៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទី២.ឈ្មោះ ជា វាសនា ភេទប្រុស ( ឃាត់ខ្លួន ) និងឈ្មោះ ជា សុទ្ធ ហៅ ម៉េង ភេទប្រុស ( កំពុងជាប់ឃុំ ) ពីបទសមគំនិតក្នុងអំពើស៊ីសំណូក សម គំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់តាម មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៩ និងមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ មាត្រា៦ និងមាត្រា៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទី៣.ឈ្មោះ ចាង ចៀនឈាំង ( ZHANG JIAN QIANG ) ហៅ ឆៃ យ៉ូវយៀន ( Cai You Yuan ) ហៅ ត្រង៉ោល ភេទប្រុស ជនជាតិចិន និងបក្ខពួក ( គេចខ្លួន ) ពីបទសូកប៉ាន់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់តាម មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ មាត្រា៥ មាត្រា៦ និងមាត្រា៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម៕
