(ព្រះសីហនុ)៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ដែលឈប់ចតគ្មានរបៀបរៀបរយ ព្រមទាំងត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងរដ្ឋបាលខេត្តព្រះសីហនុ។
ក្រុមការងារបានចុះអនុវត្តនៅតាមបណ្តោយផ្លូវតិរៈវិថីសម្តេច ហ៊ុន សែន ត្រង់ចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយផ្តោតលើការរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ដែលឈប់ចតអនាធិបតេយ្យ និងត្រួតពិនិត្យស្ថានភាពអ្នកបើកបរ។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ សមត្ថកិច្ចបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ ដោយមិនឈប់ចតគ្មានសណ្តាប់ធ្នាប់ បើកបរតាមល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព និងមិនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់៕

