ព្រះសីហនុៈ ខណៈពេលដែល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងតំបន់អនុវត្តច្បាប់ដូចភ្លើងចំបើងគឺធូរលុង ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវ
ទេចសចរជាតិ សំណូមពរឱ្យមានការរឹតបន្តឹងច្បាប់មិនត្រូវឱ្យមានចរាចរណ៍ទោចក្រយានយន្តគ្រប់ប្រភេទនៅលើទីលាន សម្ដេចតេជោ
ហ៊ុន សែន នោះទេ ពីព្រោះវាជាទីធ្លាសាធារណៈសម្រាប់អង្គុយលំហែ ដើរកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាពមនុស្ស។

ទីលាន សម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុង សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខែត្រព្រះសីហនុ​ ដែលអ្នកស្រុកទម្លាប់ហៅថា «កន្ទុយនាគ» មានទីធ្លាជាប់សមុទ្រ​ធំទូលាយ​ ក្រាលការ៉ូឡា លម្អដោយភ្លើងស្រស់ស្អាត តាមដងផ្លូវប្របនឹងទីលាន។ មនុស្សម្នាតែងតែមកកម្សាន្ត ឬដើរហាត់ប្រាណនៅទីលានមួយនេះ ជាហូរហែឥតដាច់ដោយក្ដីសប្បាយរីករាយក្រោម ម្លប់សន្តិភាព។ ប៉ុន្តែជា អកុសល នៅទីលាននេះក៏ធ្លាប់មាន ការបុក ការប៉ះទង្គិច ដោយទោចក្រយានយន្តជារឿយៗ និងការវាយតប់គ្នាផងដែរ។ ជាក់ស្ដែងវេលាយប់ម៉ោង១០ និង៣៧នាទីកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្មេងស្ទាវមួយក្រុមបើកបរម៉ូតូពីរគ្រឿងលើទីលាននេះរួចចុះវាយមនុស្សមួយក្រុមទៀតដែលកំពុងអង្គុយហូបអាហារដោយមិនបានដឹងខ្លួន និងមិនបានដឹងរឿងអ្វីបណ្ដាលឱ្យបែកក្បាលហូរឈាម។

ដោយមានការអន្តរាគមន៍ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខែត្រព្រះសីហនុ ខណៈពេលកំពុងកើតហេតុ ក្រុមក្មេងទំនើងបង្កហិង្សាបាន សំពងក្បាលក្មេងៗមួយក្រុមទៀតបែកឈាមនោះត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានចំនួនបីនាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ រួចបង្កសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។

ទាក់ទងនឹងការសំណូមពរសុំមិនឱ្យមានការរឹតបន្តឹងច្បាប់ មិនត្រូវឱ្យមានការចរាចរណ៍ទោចក្រយានយន្តគ្រប់ប្រភេទនៅលើទីលាន សម្ដេច
តេជោ នោះលោក អភិបាល ក្រុងព្រះសីហនុ មិនអាចទាក់ទងសុំការបញ្ជាក់បានទេថា តើលោកនឹងមានវិធានការយ៉ាងណាដើម្បីឆ្លើយតប
នឹងសំណូមពររបស់ប្រជាពលរដ្ឋនោះ ? ព្រោះទូរស័ព្ទរបស់លោកពីរបីខ្សែហៅមិនចូលឡើយ។

គួររំឭកថា នៅទីលាន សម្ដេចតេជោ ក្រុងព្រះសីហនុ កន្លងមកអាជ្ញាធរក្រុង តាមរយៈប្រជាការពារ បានចុះហាមឃាត់មិនអនុញ្ញាតឱ្យទោចក្រយានយន្តធ្វើចរាចរណ៍លើទីនោះទេ។ ក៏ប៉ុន្តែការអនុវត្តន៍នោះបានតែមួយឆាវដូចភ្លើងចំបើងតែប៉ុណ្ណោះហើយក៏ធូរលុងរហូតបាត់ទៅ…៕

You missed

error: Content is protected !!