នៅទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិ នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។
យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។
លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ។ ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ”។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណូមពរឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមាន ព្រមទាំងរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ក៏បានសំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងបុគ្គលមានប្រជាប្រិយភាព សូមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អំពីយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ក៏ដូចជាជួយផលិតមាតិកាច្នៃប្រឌិតជាវីដេអូខ្លីៗ ឬសារអប់រំ ដែលងាយយល់ ងាយចាំ ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ និងសារៈសំខាន់ដ៏ធំធេងនៃការការពារខ្លួនពីក្រុមបោកប្រាស់។ ការផ្ទៀងផ្ទាត់លេខទូរសព្ទអ្នក បញ្ជាក់សុវត្ថិភាពផ្ទាល់ខ្លួន។
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតជាក្របខ័ណ្ឌជាក់លាក់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ព្រមទាំងដើម្បីរួមចំណែកការពារផលប្រយោជន៍អតិថិជនក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាព។

