ភ្នំពេញៈកម្លាំងពិសេស នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ( គយចល័ត ) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះបង្ក្រាប បទល្មើសសេដ្ឋកិច្ចដែលបានសហការជាមួយ ព្រះរាជអាជ្ញា និងអាជ្ញាធរ ស្រុកសំពៅពូន ខែត្រកណ្តាល ក៏ដូចជាអាជ្ញាធរ ស្រុកអង្គរបុរី ខែត្រតាកែវ ចុះពិនិត្យអនុលោមភាពទំនិញចំនួន២ទីតាំងដែលបានរកឃើញទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាង៣០តោនកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពចុះអនុវត្តផែនការខាងលើនេះ កម្លាំងគយចល័ត បានរកឃើញសាច់បង្កកជាង១៨តោន និងគ្រឿងទេសជាង៧តោននៅក្នុងឃ្លាំងស្តុកទុកមួយកន្លែងរបស់ជនជាតិចិនស្ថិតក្នុង ភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខែត្រកណ្តាល។
ចំណែកនៅក្នុងទឹកដី ខែត្រតាកែវ ឯណោះវិញ កម្លាំងគយដដែល ក៏បានធ្វើការត្រួតពិនិត្យអនុលោមភាពទំនិញ ក្នុងឃ្លាំងស្ដុកទំនិញមួយក
ន្លែងទៀតនៅក្បែរច្រកព្រំដែនបាក់ដៃស្ថិតក្នុង ភូមិពុទ្ធ្រា ឃុំគោកធ្លក ស្រុកអង្គរបុរី បានរកឃើញទំនិញចម្រុះបង់ពន្ធមិនគ្រប់ចំនួនជាង១០
តោន។

យោងតាមប្រភពពីមន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៧ ខែមិថុនា ថា កម្លាំងគយចល័ត នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងតែបំពេញនីតិវិធីគយដែលតម្រូវឲ្យម្ចាស់ទំនិញចូលខ្លួនបង់ពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវ និងពិន័យទៅតាមច្បាប់គយនៃកម្ពុជា។
អ្នកនាំពាក្យលោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថា មន្ត្រីគយត្រូវផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តម្លាភាព និងអនុលោមតាមកម្រៃផ្លូវការ។ មន្ត្រីគយ ត្រូវជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់គេចពន្ធជាពិសេស សាខាគយ និងរដ្ឋាករខែត្រ ត្រូវចាត់កម្លាំងប្រចាំការទប់ស្កាត់ការរត់គេចពន្ធទំនិញនៅតាមច្រកនានា។ ជើងសាគយ.អាជីវករ ត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ឱ្យបានត្រឹមត្រូវស្របតាមយថាប្រភេទ និងបរិមាណទំនិញ និងសាខាគយនិងរដ្ឋាករខែត្រ ព្រមទាំង ការិយាល័យគយ មាត់ច្រកត្រូវបន្តផ្សព្វផ្សាយវិធានការមុតស្រួចឱ្យបានទូលំទូលាយថែមទៀត។

ករណីសាច់បង្កកជាង១៨តោន និងគ្រឿងទេសជាង៧តោនគឺស្មើ២៥តោនស្ថិតនៅ ក្រុងសំពៅពូន គឺជាទំនួលខុសត្រូវរបស់លោក សំ កុសលប្រធានសាខាគយ និងរដ្ឋាករ ខែត្រកណ្ដាល ដែលជាម្ចាស់ដែនដីក្នុងការទប់ស្កាត់ ឬបង្ក្រាបទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ បើយោងតាមការលើកឡើងរបស់ អគ្គនាយករងគយ។ ក៏ប៉ុន្តែ លោកប្រធានសាខាគយ កំពុងតែបណ្ដែតបណ្ដោយឱ្យកើតមានឡើងអំពើរត់គេចពន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលផ្ទុយពីការណែនាំរបស់មេដឹកនាំគយ។
រីឯទំនិញចម្រុះបង់ពន្ធមិនគ្រប់ជាង១០តោន នៅក្បែរច្រកព្រំដែនបាក់ដៃ ស្រុកអង្គរបុរី គឺលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រតាកែវ ក៏ជាអ្នកទទួលខុសត្រូវដូចគ្នានោះដែរ។ ដូច្នេះករណីទាំងនេះមានតែលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរមានវិធានការច្បាប់ នៃរដ្ឋបាលផ្ទៃក្នុង កុំឱ្យមន្ត្រីថ្នាក់ក្រោមៗជិះសេះលេងដៃស្រួលពេក។

ទាក់ទងទំនិញមានបញ្ហានៅ ក្រុងសំពៅពូន លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកណ្ដាល នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដែលបានប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទសែលកាត មានលេខ១ច្រើនខ្ទង់បានបដិសេធថា គាត់ពុំមែនឈ្មោះ សំ កុសល ទេ។ លោក សំ កុសល គឺជាអតីត មេសាខាគយ ខែត្រកោះកុង ដែលបានផ្លាស់ប្ដូរមកកាន់ មេសាខាគយ ខែត្រកណ្ដាល។ មន្ត្រីគយ ម្នាក់បាននិយាយថា គាត់ធ្លាប់បានទំនាក់ទំនងជាមួយលោក សំ កុសល តែលេខ១ច្រើនខ្ទង់ហ្នឹងឯង…។

ចំណែកលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រតាកែវ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មានយើងបានព្យាយាមហៅទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល…។
គួរបញ្ជាក់ថា កាលពី ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ កម្លាំងពិសេសគយចល័យ បានចុះបង្ក្រាបទំនិញលោតឆត្រនៅ តំបន់ព្រំដែនភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ ចំនួនបីឃ្លាំងធំៗដោយបានរកឃើញ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនមុខ ជាពិសេសចាប់បានប្រេងក្លែងក្លាយជាង២០០ធុងដែលមានចំណុះ២២០លីត្រ។ រំលងបានតែពីរបីថ្ងៃ គយចល័តតំបន់២ ក៏ចាប់បានរថយន្តសាំយ៉ុងចំនួន១៣គ្រឿងបន្ថែមទៀតដែលក្រុមឈ្មួញរកស៊ីបានលួចបន្លំដឹកទំនិញពីរថយន្តធំមកដឹកជញ្ជូនតាមថយន្តតូច៕


