មណ្ឌលគិរីៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី បានចេញ ព្រះរាជក្រឹត្យលេខ ន/ស/រកត/ ០៥២៦/ ៥៧៩ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម គង់ គឹមនី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាល ខែត្រមណ្ឌលគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចប្រមុខរដ្ឋស្ដីទីបានដកលោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី ចេញពីតំណែងដោយបានដាក់លោក គង់ គឹមនី ជាអតីតអភិ
បាលរង ខែត្រក្រចេះ ឱ្យឡើងកាន់តំណែងជា អភិបាល ខែត្រមណ្ឌលគិរី វិញម្ដង។ លោក ថង សាវុន គឺជាកូនប្រុសបង្កើតរបស់លោកតា
ប៊ូ ថន ដែលជាមនុស្សមានឥទ្ធិពលម្នាក់នៅក្នុង តំបន់ភូមិភាពឦសាន។ លោក ថង សាវុន ត្រូវបានប្រមុខរដ្ឋស្ដីទី តែងតាំងធ្វើជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដដែលនេះ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ពីស្នងការនគរបាល ខែត្រមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការកងរាជអាវុធហត្ថ ខែត្រមណ្ឌលគិរី។ ពួកគាត់ទាំងនោះទំនងជាជាប់ទាក់ទង នឹងរឿងអាស្រូវស្គេមអនឡាញរកស៊ីឆបោកតាមប្រព័ន្ធបច្ចេកវិជ្ជា។
ស្គេមអនឡាញនេះហើយ ដែលធ្វើឱ្យខូចមុខមាត់ និងកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសប៉ះពាល់ដល់ការវិនិយោគទុនគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា រឿងស្គេមអនឡាញ ( Online Scam ) រកស៊ីបោកប្រាស់នេះ ធ្វើឱ្យមន្ត្រីមួយចំនួនអស់តំណែងបុណ្យស័ក្ដិ និងជាប់គុកជាបន្តបន្ទាប់។ ក្នុងនោះដូចជា ព្រះរាជអាជ្ញារងម្នាក់នៅ ខែត្រពោធិសាត់ ត្រូវបាន អេស៊ីយូ ចាប់ដាក់គុក។ មេប៉េអ៊ឹម ខែត្របន្ទាយមាន ជ័យ ដែលជាប់ទាក់ទង ស្គេមអនឡាញ ដែរកំពុងតែរត់គេចខ្លួន ខណៈតុលាការចេញដីកាស្វែងរកចាប់ខ្លួន។ រីឯលោក ឧត្តមសេនីយ៍ទោ អគ្គនាយករង អន្តោប្រវេសន៍ និងឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាល រាជធានីភ្នំពេញ ព្រមទាំងបក្ខពួកពីរនាក់ទៀតក៏ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ចាប់ដាក់គុកដែលជាប់ទាក់ទងនឹង ស្គេមអនឡាញ ហើយលាងលុយ ទៀតផង៕

You missed

error: Content is protected !!