ខែត្របាត់ដំបង: ក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងហៅកាត់ (ក.ប.ប) ខែត្របាត់ដំបង ក្រោយរងការរិះគន់ជុំទិស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ប្រធានសាខាកិច្ចការពារប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខែត្របាត់ដំបង ត្រូវបានក្រុមប្រឹក្សាវិន័យ ក្រសួងពាណិជ្ជកម្ម រកឃើញថា មានកំហុសឆ្គងធ្ងន់ធ្ងរដោយមិនអាចលើកលែងទោសបានទើបសម្រេចចេញលិខិតបញ្ចប់តំណែងនិងលុបឈ្មោះចេញពី ក្របខ័ណ្ឌ នៃមន្ត្រីរាជការ ជាស្ថាពរ។

ទសវត្សរ៍ ថ្មីបញ្ចប់ដំណែងមន្ត្រីរាជការលើទឹកដី ខែត្របាត់ដំបង នេះដោយសាររឿង ផ្លែទុរេន។ លោក កឹម ប្រុស ត្រូវបានមហាជន និងអ្នកសារព័ត៌មាន នាំគ្នារិះគន់ចំៗដែលបានលាក់បាំងព័ត៌មានការពិតទាក់ទិនជាមួយនឹងការលួចនាំចូលផ្លែទុរេនពី ថៃ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបានដឹងព័ត៌មានទាក់ទិននឹងបញ្ហានេះក៏មិនទុកឱ្យមន្ត្រីឆ្លៀតឱកាសក្នុងការគេងបន្លំ និងប្រព្រឹត្តខុសឆ្គងទៅនឹង ក្រមសីលធម៌វិជ្ជាពីជីវៈ របស់មន្ត្រីរាជការ នោះដែរ។

ក្រសួងបានកោះហៅបុគ្គលខាងលើឱ្យចូលខ្លួនទៅ ក្រុមប្រឹក្សាវិន័យ ដើម្បីធ្វើការសាកសួរស៊ើបអង្កេត និងស្វែងរកកំហុសឆ្គង។ ក្រោយពីរកឃើញកំហុសធ្ងន់ធ្ងរក្រសួងក៏បាបសម្រេចចេញ សេចក្តីប្រកាស បញ្ចប់មុខតំណែង និងលុបឈ្មោះមន្ត្រីរូបនោះចេញពីក្របខណ្ឌតែម្ដង។

យោងតាមប្រកាស ចុះហត្ថលេខា ដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ស្ដីពីការបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការរបស់ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លេខ ០៤២ ព.ណ.ន.ធម.ប្រក ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចំនួន២ប្រការ គឺទី១. ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការលោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ពី ប្រ ធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង (ក.ប.ប) ខែត្របាត់ដំបង នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង។ ទី២. អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធានគ្រប់អង្គភាពពាក់ព័ន្ធ និងសាម៉ីខ្លួនត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ចំណែកលោកបណ្ឌិត គិន ភា មកពីរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរក្នុង ផេកហ្វេសប៊ុក ផ្លូវការរបស់គាត់ថា មិនមែនតែគាត់ម្នាក់ទេ ! គាត់មានកំហុសត្រង់ថា មិនទាន់បានស្រាវជ្រាវប្រភពទុរេនឱ្យបានច្បាស់លាស់ ហើយឈានដល់ការសន្និដ្ឋានដោយប្រញាប់ប្រញាល់។ ប៉ុន្តែករណីតូចមួយនេះមិនមែនពាក់ព័ន្ធតែគាត់ម្នាក់នោះទេ។ សំណួរដែលត្រូវមានចម្លើយគឺ តើទុរេនទាំងនោះនាំចូលតាមច្រកណា ? តើនរណាខ្លះត្រូវទទួលខុសត្រូវ ? ហើយតើត្រូវផ្ដន្ទាទោសពួកគេដោយរបៀបណាក្រៅពីវិធានការវិន័យរដ្ឋបាល ? តើត្រូវមានពិរុទ្ធភាពអ្វីផ្សេងទៀតដែរឬទេ ? នេះជាការសាកល្បងដ៏សែនតូចមួយដើម្បីស្ដារទំនុកចិត្តប្រជាពលរដ្ឋ។

លោកបណ្ឌិតបន្តទៀតថា ការដកតំណែង និងលុបឈ្មោះគាត់ចេញពីក្របខណ្ឌ ក្រោយប្រសាសន៍ធ្ងន់ៗរបស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានរំលេចឱ្យឃើញថា វប្បធម៌ការងាររាជការស្រុកយើង វិធានការក្ដៅ អាចកើតមានឡើងបានលុះត្រាតែ ថ្នាក់ដឹកនាំកំពូល ចេញបទបញ្ជា ឬ ផ្តល់អនុសាសន៍ ប៉ុន្តែបន្ទាប់មកក៏ស្ងាត់ល្ហឹមវិញ ហើយរឿងដដែលៗ ក៏នៅតែបន្តកើតមានដូចវែកចកដូច្នោះដែរ។

យោងតាមអភិក្រម ប្រធានព្រឹទ្ធសភាកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ គឺមិនទុកមន្ត្រីរូបណាដែលល្មើសច្បាប់ និងស្ពឹកស្រពន់ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋនោះឡើយ។

ចំណែកឯមហាជនវិញដាក់ចម្ងល់ថា លោក គឹម ប្រុស អាចជាប់ពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយ និងរួចផុតពីសំណាញ់ច្បាប់
របស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែរឬទេ ?

សូមរំលឹកថា ថ្មីៗនេះ ខែត្រកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខែត្រកំពត ដឹកនាំក្រុមការងារចម្រុះចុះទៅបង្ក្រាប និងឆែកឆេរទីតាំងសិប្បកម្មវេចខ្ចប់ស្ករស ដែលមាន អក្សរថៃ នៅលើបាវដើម្បីនាំចេញចូលទៅ វៀតណាម ផងនោះក្រុមការងារចម្រុះកំពុងវែកមុខរកម្ចាស់ទីតាំងនៅឡើយ។ តើវាសនា ប្រធាន (ក.ប.ប) ខែត្រកំពត ដូច ប្រធាន ក.ប.ប ខែត្របាត់ដំបង ដែរឬទេ ?៕

error: Content is protected !!