ភ្នំពេញ : លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយពីលិចមុខក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍មួយដោយ បានប្រើពាក្យគំរាមវាយខ្នោះអ្នកដែលបានបុកពីក្រោយរថយន្តរបស់គាត់ដែលកំពុងចតលើដងផ្លូវជាតិស្ថិតនៅជិត ភោជនីយដ្ឋានឫស្សីស្រស់ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ខៀវ សុងច័ន្ទសុធា ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋានមួយ ចំណុះឱ្យ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ។

លោក ច័ន្ទសុធា ត្រូវបានប្រជាពលរដ្ឋជាច្រើនសម្ដែងការមិនសប្បាយចិត្ត ចំពោះសម្ដីក្រអឺតក្រទម និងកិរិយាមិនសមរម្យ ដែលប្រព្រឹត្តអំពើផ្ទុយពីសេចក្តីណែនាំមន្ត្រីរបស់ ក្រសួងមហាផ្ទៃ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ រាជធានីភ្នំពេញ ត្រូវបាន អ្នកសារព័ត៌មាន ថតបាននូវសកម្មភាពដែល លោកឈរជក់បារីអេឡិចត្រូនិច ដែលជាអំពើផ្ទុយអំពីច្បាប់ស្តីពី “ការហាមឃាត់ ការប្រើប្រាស់ និងចែកចាយ បារីអេឡិចត្រូនិច” កន្លងទៅថ្មីៗនេះដែរ ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ ស្នងការនគរបាលរាជធានី ខែត្រ និងអធិការក្រុង.ស្រុកធ្វើការបង្ក្រាប បារីអេឡិចត្រូនិច នេះ។
យោងប្រសាសន៍ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ” មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ មន្ត្រីមិនមែនជា ចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ “។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យបានលើកឡើងថា ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុកនោះត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួនខណៈ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងតែមានចំណាត់ការលើករណីនេះដូចគ្នា។
ចំណេកនៅក្នុង គណនីហ្វេសប៊ុក( facebook ) លោក សយ សុភាព ( Soy Sopheap official ) បានសម្ដែងការមិនពេញចិត្តថា ” គួរតែដកតំណែងចោលមើលអត្តចរិត វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋាន មួយចំណុះក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ។

រីឯគណនីយ្យ facebook មួយទៀតដែលមានឈ្មោះថា ឈន គុជស៊ាក់ បានបង្ហោះរូបលោក ចន្ទសុធា ដោយសរសេរថា ” ឡូមេឡូយ លោកស័ក្ដិប្រាំជក់បារីអេឡិចត្រូនិចឡូយណាស់ “។
សារព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ខៀវ សុងច័ន្ទសុធា បាននៅឡើយនោះទេ។ យ៉ាងណាសារព័ត៌មានយើងនៅរង់ចាំការបំភ្លឺពីលោក ច័ន្ទសុធា តាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា។
សូមជម្រាបថា កន្លងទៅលោក ខៀវ សុងចន្ទ័សុធា ក៏ធ្លាប់មានបញ្ហាកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ម្ដងជាមួយនឹងអ្នកប្រើប្រាស់ពាក្យសម្ដីមិនសមរម្យចំពោះ អ្នកដឹកជញ្ជូនតាមអេប ម្ដងរួចមកហើយ៕

