ក្បួនព្យូហសឹកទាំង១២ប្រការរបស់ ឧកញ៉ារាមរាជតេជោ យ៉ត បានទូលថ្វាយ ព្រះមហាក្សត្រ ក្រុងឧដុង្គមានជ័យ

0
136

ភ្នំពេញៈ យោងតាម មហាបុរសខ្មែរ នៃរាជពង្សាវតារខ្មែរ ក្នុងអំឡុង ឆ្នាំ១៦៣៦ អតីតព្រះមហាក្សត្រខ្មែរ ផែនដី ព្រះរាជឱង្ការ
ជ័យចេស្ដា ឬ ព្រះជ័យជេដ្ឋា ទ្រង់ត្រាស់សួរទៅ ឧកញ៉ារាមរាជតេជោ យ៉ត ថា ឥឡូវនេះ សៀមឈ្លើយបះបោរ សង្កាត់ដេញ
អស់ ចៅហ្វាយស្រុក ខាងលិច ខាងជើង បែកទ័ពរត់ចោលស្រុកអស់ទៅហើយ។ យើងបានចាត់ឱ្យ ឧកញ៉ាក្រឡាហោម និង
ឧកញ៉ាចក្រី លើកទ័ពទៅទៀត ក៏នៅតែបរាជ័យចាញ់ដៃវាដែរ (សៀម)។ ឥឡូវ ឮថា វាចូលមកតាំងទី នឹងគិតដូចម្ដេច ?

ឧកញ៉ារាមរាជតេជោ យ៉ត ក៏បានក្រាបបង្គំទូលថ្វាយព្រះរាជាថា ដែលត្រូវបង្កើតជា សង្គ្រាម ក្នុងព្រះគនរយ៉ាងនេះ ត្រូវតែ
ចាត់ មេទ័ពពីក្នុង ព្រះនគរ ( ក្នុងព្រះនគរ បានន័យថា ក្នុងព្រះរាជធានី គឺថាមិនត្រូវយក មេទ័ព ពីខែត្រក្រៅមក ) ឱ្យចេញ
ទៅប្រាប់ប្រាម។ ប៉ុន្តែ មេទ័ព នោះត្រូវឱ្យចេះចាំយ៉ាងស្ទាត់ នូវក្បួនព្យូហសឹកទាំង១២ប្រការ គឺៈ

ទី១. ឱ្យស្គាល់ទីណាត់ ( ទីណាត់ គឺទីដែលត្រូវលើកទ័ព ឱ្យជុំជួបគ្នា ) ទីលើកទ័ព ទីបង្កប់ និងសំញែងទ័ព។

ទី២. ឱ្យស្គាល់ចិត្តទាហានឱ្យច្បាស់ ( គឺត្រូវដឹងថា ទាហានស្រឡាញ់កោតខ្លាច និងទុកចិត្តលើមេទ័ពហើយ ឬនៅ ? )

ទី៣. ឱ្យស្គាល់នូវក្បួនទ័ពសឹក ដែលឮស័ព្ទសូរមក ( មេទ័ព មិនត្រូវភ្ញាក់ផ្អើលនឹងសូរសន្ធឹកក្ដី ព័ត៌មានផ្សេងៗក្ដី សូរសម្រែក
សត្វក្ដី មនុស្សក្ដី ឱ្យសោះទេ បើឮហើយត្រូវពិចារណាឱ្យយល់ឱ្យច្បាស់។

ទី៤. ឱ្យស្គាល់ឫកអាភាស និងផែនដីឱ្យច្បាស់។

ទី៥. បើនឹងចូលច្បាំង ឱ្យស្គាល់ច្បាស់នូវ ទិសទីចូល និងទីចេញ។

ទី៦. ឱ្យស្ទាត់កម្លាំងសឹកសត្រូវ ( គឺឱ្យចេះស្មានស្បៀងអាហាររបស់ខ្លួន និងស្បៀងអាហាររបស់សត្រូវ )។

ទី៧. ឱ្យស្គាល់ច្បាស់នូវកម្លាំង នៃគ្រឿងសស្ត្រាវុធរបស់ខ្លួន និងរបស់សត្រូវ។

ទី៨. ឱ្យចេះប្រើសេនាទាហាន គឺប្រើទៅធ្វើការឱ្យល្មមនឹងកម្លាំងទាហានយើង និងកម្លាំងសត្រូវ។

ទី៩. ឱ្យស្គាល់ ទីជ័យភូមិ ដែលនឹងត្រូវតាំងទីបន្ទាយ រាយល្បាត។

ទី១០. ឱ្យស្ទាត់ក្នុងការចាត់អ្នកយាមល្បាត កុំទុកចិត្តគេឱ្យហួសពីគំនិតរបស់ខ្លួន។

ទី១១. ឱ្យកាន់អាជ្ញាសឹកឱ្យនឹងដូច ផែនសិលា ( កុំឱ្យត្រចៀកស្រាល ជឿស្ដាប់គេឥតពិចារណា )។

ទី១២. អម្ចាស់ជីវិត ដែលនឹងត្រាស់ចាត់ មេទ័ព ឱ្យចេញទៅធ្វើការសឹកសង្គ្រាមនោះ ត្រូវឱ្យមានសត្តិសញ្ញា ឱ្យមេទ័ពទុកចិត្ត
កុំឱ្យព្រួយបារម្ភពី ទ័ពក្រោយ គឺឱ្យមេទ័ពរវល់គិតតែពី ទ័ពមុខ កុំឱ្យវីវរនឹង ទ័ពក្រោយ ផងនោះ។ បើឱ្យវីវរនឹងទ័ពក្រោយផង
មេទ័ពនោះនឹងប្រៀបដូចជា « រំសេវដែលត្រូវទឹក » ទោះបីព្រានបាញ់លោះកៃដូចម្ដេចក៏ពុំឆេះឡើយ។ ថាបើ មេទ័ពប្រតិបត្តិ
បានគ្រប់ទាំង១២ប្រការដូច្នេះហើយ កុំថាឡើយ ត្រឹមតែ អ្នកសិល្ប៍ សឹកសត្រូវ ក្នុងព្រះនគរទោះបីទ័ពក្សត្រណាពីក្រៅ ព្រះ
នគរ លើកមកប៉ុន្មានម៉ឺននាក់ក្ដី ក៏គង់តែចាញ់ មេទ័ព ដែលស្ទាត់ជំនាញក្នុង ព្យូហសឹកទាំង១២ប្រការ នេះជាពុំខានឡើយ។

គួរបញ្ជាក់ថា ឧកញ៉ារាមរាជតេជោ យ៉ត ជាសិស្សជំនិតតែម្នាក់គត់របស់ ឧកញ៉ាបុរារាជតេជោ មាស ដែលបានបង្ហាត់បង្រៀន
មន្តវិជ្ជាការណ៍ដ៏ខ្លាំងពូកែដែលបានបង្ក្រាប ពួកបច្ចាមិត្តស្ដេចសៀមឈ្មោះ ព្រះចៅថៃណា ឱ្យរត់ដល់ ក្រុងស្រីអយុធ្យា វិញ។
ឧកញ៉ាតេជោ យ៉ត ដើមឡើយជា ខ្ញុំបម្រើ ឬ បាវបម្រើរបស់ ឧកញ៉ាតេជោ មាស នៅក្នុង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ ហើយ
ក្រោយមកក៏ផ្លាស់ប្តូរទៅកាន់ មឿងកំពង់ស្វាយ ខែត្រកំពង់ធំ ដែលជាស្រុកកំណើតរបស់ ឧកញ៉ាបុរារាជតេជោ មាស វិញ៕